ប្រទះឃើញសពបុរសម្នាក់ ស្លាប់អង្គុយដោយដៃជាប់ចំណង
ខេត្តបាត់ដំបង ៖ សាកសពបុរសម្នាក់បានស្លាប់ក្នុងស្ថានភាពអង្គុយ តែជាប់ចំណងដៃទៅក្រោយ ដែលត្រូវអ្នកភូមិប្រទះឃើញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ មករា នៅចំណុចមាត់បឹងអំពិល ស្ថិតក្នុងភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ដែលទំនងស្លាប់ប៉ុន្មានថ្ងៃហើយ។ មន្ត្រីកងរាជអាវុធ ហត្ថបានឲ្យដឹងជាបឋមថា មិនទាន់មានអ្នកស្គាល់អត្តសញ្ញាណសពបុរសនោះទេ។ បុរសនេះពាក់អាវ យឺតបង្កង់ពណ៌លឿងសដៃវែង និងស្លៀកខោជើងវែងពណ៌ពងក្រសារ កម្ពស់ប្រហែល១,៦៣ម៉ែត្រ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា សាកសពមានស្នាមបែកក្បាលផ្នែកខាងឆ្វេង ស្លាប់ក្នុងស្ថានភាពអង្គុយ ផ្ទាល់ដី និងមានខ្សែចងក និងដៃទាំង២ជាប់នឹងដើមពង្រនៅក្នុងព្រៃក្បែមាត់បឹង តែអាចស្លាប់ប៉ុន្មានថ្ងៃ ហើយ ព្រោះសាកសពមានក្លិនស្អុយ ហើយនៅក្នុងហោប៉ៅ គេរកឃើញលុយចំនួន២០.៩០០រៀល។
សមត្ថកិច្ចមិនទាន់មានការសន្និដ្ឋានជាក់លាក់អំពីមូលហេតុទេ ជុំវិញករណីសាកសពខាងលើនេះ ប៉ុន្តែបើតាមរបាយការណ៍របស់មន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្តវិញ បានឲ្យធ្វើការសន្និដ្ឋានជា បឋមថា ការស្លាប់របស់បុរសគ្មានអត្តសញ្ញាណខាងលើនេះ អាចជាករណីអត្តឃាតទៅវិញ។ មន្ត្រីការិយាល័យដដែលបានវាយតម្លៃជំហានដំបូងបែបនេះ ដោយយោងទៅលើមន្ត្រីបច្ចេកទេស ដែលអះអាងថា នៅលើខ្លួនសាកសពមានសញ្ញា និងស៊ិញបញ្ជាក់ជាករណីអត្តឃាត។ មន្ត្រីជំនាញបានពន្យល់ដូច្នេះថា មុនដំបូងជនរងគ្រោះអាចយកខ្សែចងក ហើយសល់កន្ទុយខ្សែ ក៏យកមករុំដៃ រីឯនៅលើក្បាលផ្នែកខាងក្រោយមានឈាម រាងហើម ដូច្នេះការសន្និដ្ឋានបឋមទំនង ជនរងគ្រោះបានធ្វើអត្តឃាត។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានជាបឋមប៉ុណ្ណោះ តែមន្ត្រីជំនាញនឹងធ្វើការស៊ើបអង្កេតជាបន្តទៀត ហើយក៏កំពុងស្រាវជ្រាវស្វែងរកក្រុមគ្រួសារផងដែរ៕
Comments
Post a Comment