មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ កាន់ពាន The Voice Kids
នៅទីបំផុតការប្រកួតផ្ដាច់ព្រ័ត្ររបស់កម្មវិធី The Voice Kids Cambodia រដូវកាលទី១ ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃទី១៤តុលា ដោយកុមារា ពេជ្រ ថៃ វ័យ១២ឆ្នាំ មកពីខេត្តបាត់ដំបង ដែលត្រូវអ្នកគាំទ្រមួយចំនួនរិះគន់ថាមានទឹកដមសំឡេងមិនល្អ និងបានតែកំប្លែងនោះ បានក្លាយជាអ្នកកាន់ពាន។
មានអ្នកខកចិត្តជាច្រើន បង្ហោះសារក្រោយកុមារារូបនេះ ត្រូវបានកម្មវិធីប្រកាសថា ទទួលបានសារបោះឆ្នោតនាំមុខគេ បើជាគេបកស្រាយបទចម្រៀងក្នុងជុំទី១ ក៏ទទួលបានការកោតសរសើរថាច្រៀងបានល្អ ហើយបកស្រាយបទចម្រៀងជុំទី២ ជាមួយឡុង លីគ័ង និងលោកព្រាប សុវត្ថិ ក៏ល្អជាងសប្ដាហ៍កន្លងទៅ។ អ្នករិះគន់នៅតែបន្តហេតុផលដែល ពេជ្រ ថៃ ច្រៀងល្អជាងមុន គឺដោយសារតែកម្មវិធី ដាក់បទអោយត្រូវសំឡេងដើម្បីយិតយោង ក្នុងពេលដែលលោក ជា វិបុល ជាពិធីករបានប្រកាសដដែល ជាដដែលថា គេបានក្លាយជាម្ចាស់ពាន គឺដោយសារតែអ្នកគាំទ្របោះឆ្នោតអោយសុទ្ធសាធ ដោយមិនពាក់ព័ន្ធជាមួយកម្មវិធីណាមួយឡើយ។
នេះ ជាជ័យលាភីដ៏អស្ចារ្យ ដែល ពេជ្រ ថៃ ធ្វើបាន ហើយជ័យលាភីនេះ ក៏នឹងធ្វើអោយប្អូនក្លាយជាតារាចម្រៀងអាជីពក្មេងដំបូងប្រចាំផលិតកម្មហង្សមាស និងក្លាយជាបេក្ខភាពតំណាងអោយកម្ពុជាក្មេងជាងគេសម្រាប់កម្មវិធី The Voice របស់ពិភពលោកផងដែរ បើទោះ ជាមានសារបញ្ចេញមតិមិនចេញចិត្តខ្លះៗ លេចឡើង។
កុមារា ពេជ្រ ថៃ ត្រូវបានផលិតកម្មហង្សមាសប្រកាសអោយជាប់កុងត្រាដោយស្វ័យប្រវត្តិដោយតាមបទពិសោធន៍ប្អូនក៏នឹងមានបទចម្រៀងផ្ទាល់ខ្លួន ស្វាគមន៍នៅក្នុងផលិតកម្មហង្សមាសដ៏ធំមិនខុសពីតារាមច្រៀងចាស់ៗ នៅអំចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១ខាងមុខ។
ពិធីករពិធីការិនី បានប្រកាសដាក់ក្បាលមេក្រូថាគ្រាប់ពេជ្រវ័យក្មេងដែលមានសំលេងល្អរូបនេះ នឹងមានបទចម្រៀងវាយលុកទីផ្សារ ហើយរំពឹងថា អ្នកគាំទ្រដែលបោះឆ្នោតអោយនឹងគាំទ្រមិនខុសពីម្ចាស់ពាន The Voice Cambodia គឺលោក ប៊ុត សីហា និង លោក ថែល ថៃ ដែល បានកាន់ពានទាំងរដូវកាលនោះ ទេ ដោយសារតែប្អូនវ័យក្មេង មែនតែមានទឹកដមសំឡេង និងមានសមត្ថភាពយ៉ាងអស្ចារ្យ។ ប្អូនគឺជា បេក្ខភាពតែម្នាក់ដែលត្រូវគេឃើញមានសកម្មភាពឡើងច្រៀងតាមឆាកមួយចំនួន និងបានបង្ហោះបទចម្រៀងជាច្រើននៅលើយូធូប ដែលគេអាច និយាយបានថាប្អូនមានភាពក្លាហានដោយសារតែប្អូនធ្លាប់បានបញ្ចេញសមត្ថភាពកន្លងមករួចមកហើយ ដោយគ្រាន់តែពេលកន្លងមកមិនសូវមានការចាប់អារម្មណ៍ និងទើបតែត្រូវាបានមហាជនផ្ដោតការគាំទ្រ និងស្គាល់ពេជ្រ ថៃៗ ពេញទំហឹង ក្រោយពីប្អូនមានវត្តមានក្នុងកម្មវិធីដ៏ធំនេះ។
ពេជ្រ ថៃ ត្រូវបានគេចាត់ទុកថាជាតារាវ័យក្មេង ដែលមានគេស្គាល់រួចមកហើយនៅលើបណ្ដាញយូធូបល្អជាងកុមារាកុមារីផ្សេងទៀត ដែលបានឈានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា ទើបភាពក្លាហានដែលគេបានបង្ហាញលើឆាកគឺជារឿងមិនចម្លែក។ ជ័យលាភីរបស់ប្អូន គឺគ្រាន់តែបានប្រកាសថា ជាប់ពានក្នុងកម្មវិធី The Voice Kids Cambodia សម្រាប់រដូវកាលទី១ ភ្លាម ក៏មានសំឡេងទះ និងរិះគន់ព្រមគ្នាកើតឡើង។
ប្អូន ត្រូវបានអ្នកគាំទ្រកុមារាកុមារីផ្សេងទៀត យល់ថា មិនសមក្នុងទទួលសំឡេងឆ្នោតដើម្បីកាន់ពាននោះផងដែរដោយសារតែក្នុងយប់នោះ គឺកុមារាកុមារីផ្សេងទៀត ក៏ច្រៀងបានល្អ បើទោះជាពេលកន្លងមកមានការរិះគន់ថាបេក្ខជនជាក្មេងទាំងនោះច្រៀងមិនបានល្អស្មើ។ ជ័យលាភីរបស់ ពេជ្រ ថៃ ត្រូវបានគេបង្អាប់កម្មវិធីថានេះ គួរតែប្ដូរឈ្មោះថា កម្មវិធី The Funny Kids Cambodia ដើម្បីផ្ដោតលើភាពក្រម៉ិចក្រម៉ើមជាជាងសំឡេង។ សំឡេងពីអ្នកខកចិត្ត ត្រូវគេឃើញបង្ហោះយ៉ាងភ្លូកទឹកភ្លូកដីនៅលើហ្វេសប៊ុក ខណៈដែលសំលេងឆ្នោតដែលត្រូវគេប្រកាសថា ពេជ្រ ថៃ ទទួលបាននាំមុខគេ មិនឃើញមានការបង្ហាញជាសាធារណៈនោះផង។
មុនមានការប្រកាសពាន អ្នកលេងហ្វេសប៊ុកមួយចំនួនប្រកាសថា បើ ពេជ្រ ថៃ កាន់ពាន នោះខ្លួននឹងឈប់ហូបបាយមួយ១ថ្ងៃ ខ្លះថា ឈប់គាំទ្រកម្មវិធីរបស់ហង្សមាស ខ្លះថា ឈប់លេងហ្វេសប៊ុកមួយរយៈ និងខ្លះនិយាយបែបនេះបែបនោះជាដើម ដោយសារតែពួកគេជឿថា សំលេងរិះគន់ចំពោះ ពេជ្រ ថៃ នឹងមិនអាចអោយគេលើកពានបាន ប៉ុន្តែចុងក្រោយគេបានលើកពានយ៉ាងភ្ញាក់ផ្អើល បើទោះជាខាងហង្សមាសនៅតែអះអាងថា ចំណាត់ថ្នាក់ដែល ពេជ្រ ថៃ បានឈ្នះគឺជាការកាត់ក្ដីរបស់មហាជនតាមរយៈសារបោះឆ្នោត។
ក្រោយការប្រកាសអោយកាន់ពាន កុមារា ពេជ្រ ថៃ ទទួលបានទឹកប្រាក់១០០លានរៀល ប៉ុន្តែមិនមែជាជាប្រាក់សុទ្ធនោះទេ ដោយអ្នករៀបចំកម្មវិធីបញ្ជាក់ថា គឺជាកញ្ចប់អាហារូបករណ៍លើការសិក្សា និងកញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន អមដោយថវិកាជាប្រាក់សុទ្ធចំនួន ១០លានរៀល ពីម្ចាស់ឧបត្ថម្ភកម្មវិធី ៣ពាន់ដុល្លារពីសម្ដេចនាយករដ្ឋមន្ត្រី និង ទទួលបានរង្វាន់ជាទឹកប្រាក់ជាច្រើនផ្សេងទៀត។
ក្នុងនោះបេក្ខជន បេក្ខនារីជាក្មេងចំនួន ៥រូបផ្សេងទទួលបានក្នុងម្នាក់ៗ ១ ៥០០ដុល្លារជាសម្ភារៈផ្សេង ទឹកប្រាក់ពីនាយករដ្ឋមន្ត្រី៣ពាន់ដុល្លារ និងរង្វាន់លើកទឹកចិត្ត ខណៈដែលអ្នកមិនបានកាន់ពានទាំង៥នោះ ក៏ស្ថិតក្នុងជម្រើសត្រូវក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ហង្សមាសដូចគ្នាផងដែរ គឺមិនខុសពីការប្រលង The Voice Cambodia កន្លងមក ដែលត្រូវបានហង្សមាសក៏ជ្រើសយកអ្នកធ្លាក់មកច្រៀងប្រចាំផលិតកម្មផងដែរនោះឡើយ។ ជ័យជម្នះរបស់កុមារារូបនេះ ក៏មានន័យថា តារាចម្រៀងល្បីល្បាញ លោក ព្រាប សុវត្ថិ ទទួលបានកិត្តិយសគួរជាទីមោទនៈផងដែរ បន្ទាប់កូនក្រុមរបស់លោក បានក្លាយជាអ្នកលើកពានសម្រាប់រដូវកាលទី១ សម្រាប់កម្មវិធី The Voice Kids Cambodia ដែលទើបបញ្ចប់នេះ៕
Comments
Post a Comment