អភិបាលក្រុងដឹកនាំគណៈកម្មការចម្រុះចុះធ្វើការរុះរើសំណង់រំលោភដីផ្លូវ
ខេត្តសៀមរាប ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងគណៈកម្មការចម្រុះខេត្ត ដឹកនាំដោយ លោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលក្រុងសៀមរាប រួមនឹងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះធ្វើប្រតិបត្តិការ ក្នុងការរុះរើសំណង់ផ្សារកុងតឺន័រមួយកន្លែងដែលបានសាងសង់គ្មានច្បាប់ និងរំលោភលើដីផ្លូវឌឿងហែម ព្រមទាំងផ្អាកសំណង់ជួសជុលមួយកន្លែងដែលអ្នកជាប់ព្រំធ្វើការប្តឹងជំទាស់ ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។
តាមប្រសាសន៍បញ្ជាក់របស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ការចុះប្រតិបត្តិការរបស់គណៈកម្មការចម្រុះពេលនេះ ដោយផ្ដោតលើសំណង់ផ្សារកុងតឺន័រ ដែលសាងសង់គ្មានច្បាប់ និងរំលោភលើដីផ្លូវសាធារណៈ ។
លោកបន្តទៀតថា កន្លងមកនេះរដ្ឋបាលសាលាក្រុងសៀមរាប បានធ្វើសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ ដើម្បីឲ្យធ្វើការរុះរើ ។ តែថ្ងៃនេះគណៈកម្មការចម្រុះខេត្ត រួមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះមកអនុវត្តសេចក្តីជូនដំណឹង របស់រដ្ឋបាលសាលាក្រុងសៀមរាប សូមឲ្យម្ចាស់ផ្សារកុងតឺន័រខុសច្បាប់នេះ ដែលបានសាងសង់រំលោភលើផ្លូវសាធារណៈ ។ ក្នុងការចុះប្រតិបត្តិការរុះរើនេះ ម្ចាស់សំណង់ក៏បានចូលរួមសហការជាមួយគណៈកម្មការចម្រុះ ដើម្បីធ្វើការរុះរើសំណង់ខុសច្បាប់ដោយស្ម័គ្រចិត្ត ព្រមទាំងធ្វើកិច្ចសន្យាជាមួយគណៈកម្មការ ក្នុងរយៈពេល៣ថ្ងៃ ធ្វើការរុះរើឲ្យបានរួចរាល់ បើមិនដូច្នោះទេ គឺត្រូវចាត់ការទៅតាមនីតិវិធីច្បាប់ ។
បន្តមកគណៈកម្មការចម្រុះក៏បានចុះធ្វើការផ្អាកសំណង់ជួសជុលមួយកន្លែង ស្ថិតក្នុងភូមិនោះដែរ បានធ្វើការជួសជុលផ្ទះរបស់ខ្លួន ហើយត្រូវបានអ្នកជាប់ព្រំផ្ទះទាំងសងខាង បានធ្វើការប្តឹងទៅតុលាការខេត្ត ដោយបានចោទប្រកាន់ម្ចាស់ផ្ទះជួសជុល កែលំអសោភណ្ឌភាពផ្ទះ ក្នុងការធានាភាពរឹងមាំនៃផ្ទះរបស់ខ្លួន ធ្វើឲ្យប៉ះពាល់អ្នកទាំងសងខាង ដោយម្នាក់ៗបានប្រកាន់រៀងៗខ្លួនទៀតផង ។ ដើម្បីបញ្ចប់នូវបញ្ហាទាំងនេះ គណៈកម្មការចម្រុះក៏បានធ្វើការសម្រុះសម្រួលភាគីទាំងបី សូមឲ្យមានការយោគយល់គ្នាជាអ្នកជិតខាងនឹងគ្នា ដែលតែងតែមានការលើខ្វះនឹងគ្នា ។
ក្នុងនោះដែរគណៈកម្មការចម្រុះ ក៏បានធ្វើការកោះអញ្ជើញភាគីទាំងបី ដែលមានបញ្ហានឹងគ្នា ដើម្បីចូលរួមធ្វើការដោះស្រាយ ក្នុងការបញ្ចប់វិវាទព្រំប្រទល់ នៅរដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃដដែលនេះផងដែរ ។ ក្នុងនោះដែរលោក សូរ ប្លាតុង ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ត្រូវតែធ្វើការស្វែងយល់អំពីច្បាប់សាងសង់សំណង់ ដើម្បីបញ្ចៀសនូវរាល់ផលប៉ះពាល់ផ្សេងៗ ដែលធ្វើឲ្យខូចខាតនូវផលប្រយោជន៍របស់បងប្អូន ។ ដូច្នេះយើងធ្វើយ៉ាងណាឲ្យមានភាពច្បាស់លាស់ និងស្របច្បាប់ក្នុងការទិញជួល ។
លោកបានគូសបញ្ជាក់ថា រាល់ច្បាប់សាងសង់ សមត្ថកិច្ចយើងបានធ្វើការបែងចែកកម្រិត៥០០ម៉ែត្រក្រឡា ស្នើសុំនៅសាលាក្រុង លើសពីផ្ទៃ៥០០ម៉ែត្រក្រឡា ត្រូវស្នើសុំទៅថ្នាក់ខេត្ត ហើយក៏មានដាក់តារាងកំណត់តម្លៃសេវា ជូន បងប្អូនឲ្យបានដឹងផងដែរ ។ ម្យ៉ាងទៀតក៏សូមឲ្យបងប្អូនទៅរកសេវាដោយខ្លួនឯង ដើម្បីជៀសវាងបញ្ហាការពឹងពាក់ ឬអ្នករត់ការ ដែលបង្កឲ្យមានបញ្ហាផ្សេងៗកើតឡើង និងចំណាយថវិកាច្រើនទៀតផង ៕
លោកបានគូសបញ្ជាក់ថា រាល់ច្បាប់សាងសង់ សមត្ថកិច្ចយើងបានធ្វើការបែងចែកកម្រិត៥០០ម៉ែត្រក្រឡា ស្នើសុំនៅសាលាក្រុង លើសពីផ្ទៃ៥០០ម៉ែត្រក្រឡា ត្រូវស្នើសុំទៅថ្នាក់ខេត្ត ហើយក៏មានដាក់តារាងកំណត់តម្លៃសេវា ជូន បងប្អូនឲ្យបានដឹងផងដែរ ។ ម្យ៉ាងទៀតក៏សូមឲ្យបងប្អូនទៅរកសេវាដោយខ្លួនឯង ដើម្បីជៀសវាងបញ្ហាការពឹងពាក់ ឬអ្នករត់ការ ដែលបង្កឲ្យមានបញ្ហាផ្សេងៗកើតឡើង និងចំណាយថវិកាច្រើនទៀតផង ៕
Comments
Post a Comment