ពលរដ្ឋរងគ្រោះដោយសារធាតុគីមី មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត
ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១៩:១៨ (18-10-2017 19:18)
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារធាតុគ្រាប់បែកគីមីចំនួន១៥នាក់ ក្នុងចំណោម១៩នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៤នាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។ ក្នុងចំណោមជនរងគ្រោះដោយសារធាតុគីមី នៃគ្រាប់បែកគីមីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត១៥នាក់ ស្រី៩នាក់ក្នុងនោះកុមារអាយុ៥ឆ្នាំ ២នាក់ស្រី១នាក់។ ហើយក្នុងនោះធ្ងន់ធ្ងរ៣នាក់ ស្រីម្នាក់ដែលរងគ្រោះចេញរោគសញ្ញា រមាស់ពេញខ្លួន មុខ និងជើងដៃ ក្រទួល ដំបៅ របកស្បែក ចេញនៅលើស្បែកក្រៅ រហូតឈឺចុកចាប់ដល់ឆ្អឹងទៀតផង។ ជនរងគ្រោះទី១.ឈ្មោះ ម៉ីថង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិតាវាំងឃុំគគីរ រោលសាធាតុគីមីនៃគ្រាប់បែកគីមី ពងក្រទួលពេញផ្ទៃមុខ និងដងខ្លួន។ ២-ឈ្មោះ ស្រី អេត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិគគីរ ឃុំគគីរ រោលសារធាតុគីមី របកពងលើស្បែកទាំងមូលខ្លួន ផ្ទៃមុខ ជើងដៃ និងឈឺចុកចាប់ដល់ឆ្អឹង រយៈពេល៧ឆ្នាំមកហើយពេលកាប់ព្រៃដាំដំណាំ។ ៣-ឈ្មោះ ពោជ សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាវាំង ឃុំគគីរ ចេញកន្ទួលពេញផ្ទៃមុខដងខ្លួន រយៈពេល២ឆ្នាំមកហើយ។ ៤-ឈ្មោះ ញាន វុន ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងស្គន់ ពងរលួយលើដងខ្លួនជើងដៃ និងក្តៅក្នុងខ្លួន រយៈពេល៧ឆ្នាំហើយ ពេលត្រាយព្រៃធ្វើចម្ការ ដាំដំឡូង។
ហើយ១៥នាក់ផ្សេងទៀតគឺមានអ្នករងគ្រោះថ្មីៗកាលពីថ្ងៃទី១៧ តុលានេះ និងអ្នកខ្លះប៉ះពាល់រយៈពេល២ឆ្នាំមកហើយ ក៏ប៉ុន្តែមិនបានដឹងអំពីមូលហេតុ មន្ត្រីជំនាញនៃមន្ទីរកសិកម្មសង្ស័យថា មកពីជនរងគ្រោះប្រើប្រាស់ថ្នាំគីមីពុលកសិកម្ម បាញ់ថ្នាំស្មៅ ឬបាញ់ថ្នាំស្រូវខ្វះបច្ចេកទេស ព្យាបាលមិនជា ចេះតែធ្ងន់ធ្ងរឡើងៗ ការពិតគឺទទួលរងនូវសាយភាយសារធាតុគីមីពុលនៃគ្រាប់បែកគីមីសម័យសង្គ្រាម។ បើតាមលោកស្រី កឹម សំអឿន មេឃុំគគីរបានប្រាប់ឲ្យដឹងនាថ្ងៃទី១៨ ខែតុលា នេះថា ប្រជាពលរដ្ឋចំនួន១៩នាក់ បានកើតអការៈរោគដូចជារមាស់ពេញខ្លួន ពីស្បែករហូតដល់ឆ្អឹង ហើយខ្លះឈឺរាប់ឆ្នាំមកហើយ ព្យាបាលអស់លទ្ធភាពនៅតែមិនជា។ ហើយរកមូលហេតុមិនទាន់ឃើញ ទើបតែឥឡូវដឹងថា មកពីទទួលចំហាយគ្រាប់បែកគីមីពុល។ លោកស្រីបន្តថា ក្នុងចំណោមពលរដ្ឋរងគ្រោះថ្នាក់ថ្មីចំនួន១៩នាក់ ទើបរកឃើញមានចំនួន១៦នាក់ព្រមទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯបីនាក់ទៀតមិនព្រមទៅទេ។ ហើយអ្នកភូមិរួមទាំងខ្ញុំ មិនបានដឹងថា ចំហាយពុលភាយចេញពីគ្រាប់បែកគីមីប៉ះពាល់សុខភាពទេ ម្នាក់ៗឃើញក៏ហិត ហើយហិតរួចម្នាក់ៗ ក្រដាស់ចេញមកឈីតៗ ថាក្រដាសរបៀបនេះស្រួល ក៏ប៉ុន្តែឥឡូវអ្នកហិតកើតរោគជំងឺបន្តបន្ទាប់។
បើតាមមន្ត្រីស៊ីម៉ាក់និយាយថា ទីតាំង១៥កន្លែងទើបរកឃើញ គណៈកម្មការហ្នឹងចុះប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់អាមេរិកទាំងនោះនៅសប្តាហ៍ក្រោយនេះ បន្ទាប់មន្ត្រីជំនាញរបស់ស៊ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ ផ្អាកប្រតិបត្តិការរយៈពេលខ្លី ដើម្បីប្រជុំពិភាក្សាដាក់ផែនការអនុវត្តន៍ និងស្រាវជ្រាវរុករកទីតាំងថ្មីៗបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរកឃើញវត្តមានគ្រាប់ បែកគីមីបន្សល់ពីសម័យសង្គ្រាមរហូតដល់១៥ទីតាំង ហើយនៅក្នុងឃុំគគីរ និងឃុំអំពិល។តាមការប៉ាន់ស្មានអាចនឹងមានគ្រាប់បែកជាច្រើនទៀត បន្សល់នៅក្នុងឃុំទាំងនោះដែលមិនទាន់រកឃើញនៅឡើយ។ ជាមួយគ្នានេះដែរក្រសួងសុខាភិបាល ក៏បានរកឃើញកុមារតូចៗ៣នាក់ផងដែរ បានរងឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក រហូតធ្វើឲ្យពួកគេកើតមកមានភាពមិនប្រក្រតីដូចជាមាត់វៀច ក្បាលធំ និងរមាស់ពេញខ្លួនជាដើម។
កុមារទាំង៣នេះ នឹងត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្រោមការតាមដានពិនិត្យផ្ទាល់ពីក្រសួងសុខាភិបាល។ ជាមួយបញ្ហាប្រឈមដល់សុខភាពពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមណ្ឌលសុខភាពមួយ នៅលើតំបន់រងការវាយប្រហារដោយគ្រាប់បែកគិមីនេះ ដើម្បីផ្តល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមរំលឹកដែរថា ឃុំគគីរ និងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម គឺជាទីតាំងទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាមួយនៅក្នុងសម័យសង្គ្រាមវៀតណាម គ្រាប់បែកជាច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមីផង បានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ៕
Comments
Post a Comment