នី មុន្នីនាថ អត់ខ្លាចបណ្តឹងរបស់អតីតគូដណ្តឹងព្រោះ......
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ម៉ោង ០៨:០០ (19-10-2017 08:00)
រាជធានីភ្នំពេញ ៖ តារាភាពយន្តនី មុន្នីនាថ បានប្រកាសថា នាងត្រៀមខ្លួននឹងចូលបំភ្លឺនៅតុលាការ នៅពេលបានទទួលដីកាកោះហៅ ឆ្លើយតបទៅនឹងការប្តឹងពីអតីតគូដណ្តឹងរបស់នាង ។
លោកអឹុង សូឡាង ដែលជាអតីតគូដណ្តឹងរបស់កញ្ញានី មុន្នីនាថ បានដាក់ពាក្យប្តឹងនាងទាមទារសំណងសរុបជាង១០ម៉ឺនដុល្លារអាមេរិក ពីបទរំលោភលើសេចក្តីទុកចិត្ត ។
នី មុន្នីនាថ អះអាងថា នាងសម្រេចចិត្តមិនប្ដឹងតបបណ្ដឹងរបស់លោកអុឹង សូឡាង ទេ ប៉ុន្តែនាងនឹងរង់ចាំដីកាកោះហៅពីតុលាការនឹងចូលខ្លួនដើម្បីបកស្រាយអំពីរឿងនេះ ។
នី មុន្នីនាថ និយាយថា នាងអត់ខ្លាចបណ្ដឹងរបស់អតីតគូដណ្ដឹងនោះទេ ហើយនាងច្រានចោលការចោទប្រកាន់របស់លោកសូឡាង នៅក្នុងពាក្យបណ្ដឹងនោះ ។
នី មុន្នីនាថ បញ្ជាក់ថាក្នុងពេលស្រឡាញ់គ្នា គឺជារឿងធម្មតាដែលគូដណ្ដឹងម្នាក់ត្រូវដើរស៊ីចាយជាមួយគ្នា ហើយទិញរបស់របរជូននាង ដោយនាងខ្លួនឯងក៏ធ្លាប់ឲ្យលុយដល់លោកនៅពេលដែលលោកមានតម្រូវការដោះស្រាយផងដែរ ។ ចំពោះទឹកប្រាក់៧ម៉ឺនដុល្លារដែលលោកសូឡាង ទាមទារឲ្យនាងសងនោះ គឺនាងមិនដឹងថាជាប្រាក់ឲ្យនាងលើអ្វីខ្លះទេ ប៉ុន្តែគឺប្រហែលជាប្រាក់ដែលលោកយកមកចាយនៅស្រុកខ្មែរ ម្ដងៗ ។ នាងអត់បានទទួលលុយសុទ្ធពីអតីតគូដណ្ដឹងរហូតដល់៧ម៉ឺនដុល្លារដូចអ្វីដែលលោកប្ដឹងទារទេ ប៉ុន្តែនាងទទួលស្គាល់ថាធ្លាប់បានទទួលលុយពីលោកតិចតួចក្នុងនាមជាអ្វីដែលលោកឲ្យ ។
ត្រង់ចំណុចនេះនី មុន្នីនាថ ចោទសួរថា តើលោកអុឹង សូឡាង បានលុយពីណាយកមកឲ្យនាងដល់ទៅ៧ម៉ឺនដុល្លារក្នុងរយៈពេល៣ឆ្នាំ ។ ហើយតើនាងបោកប្រាស់លោកនៅចំណុចណា បើកន្លងមកដូចជាមិនបានលុយកាក់ជាដុំកំភួនពីលោក ដូចអ្វីដែលលោកបានប្ដឹងទេនោះ ។
នី មុន្នីនាថ ទទួលស្គាល់ថាលោកមកលេងស្រុកខ្មែរ ម្ដងៗគឺអស់លុយច្រើន ប៉ុន្តែមិនមែនអស់លើឲ្យនាង ឬយកមកជួយនាងទេ គឺអស់លើថ្លៃស៊ីចាយ និងការដើរលេងផ្ទាល់ខ្លួនប៉ុណ្ណោះ ។
ជាការវាយបក នី មុន្នីនាថ ឲ្យដឹងថា លោក អុឹង សូឡាង មានរឿងអាក្រក់ក្នុងដៃរបស់នាងច្រើនណាស់ តែនាងប្រកាសថាមិនប្ដឹងតបទេ ដោយរង់ចាំមើលជំហររបស់លោកនៅក្នុងតុលាការជាមុនសិន៕
Comments
Post a Comment